ប្រសិនបើអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជា Long Beach មានសហគមន៍ខ្មែរដ៏ធំជាងគេមួយនៅខាងក្រៅប្រទេសកម្ពុជានោះ មូលហេតុចម្បងនោះគឺមកពីប្រជាជនជាច្រើនដូចលោក Kry Lay ។

លោកត្រូវបានចាត់ទុកជាស្ថាបនិកម្នាក់នៃសហគមន៍ខ្មែរនៅ Long Beach ។ លោក Lay បានទទួលមរណភាពនៅថ្ងៃទី 27 ខែមិថុនានៅក្នុងផ្ទះលំហែរបស់កូនស្រី Suny Lay របស់គាត់នៅក្នុង Virginia Country Club ក្នុងទីក្រុង Long Beach ដោយសារមានផលវិបាកមកពីជំងឺ Alzheimer ដែលគាត់រស់នៅជាមួយជាងមួយទសវត្សរ៍។គាត់មានអាយុ 79 ឆ្នាំ។

នៅទសវត្សឆ្នាំ 1970 លោក Lay បង្កើតមូលដ្ឋានសម្រាប់ប្រជាជនខ្មែរដែលស្វែងរកសេវាគាំទ្រសង្គម ស្ថាប័នសាសនា និងកម្មវិធីសិក្សាដែលអនុញ្ញាតឱ្យជនភៀសខ្លួនសម្របខ្លួនក្នុងការរស់នៅក្នុងសហគមន៍នៅក្នុងទីក្រុង Long Beach ។សព្វថ្ងៃនេះសហគមន៍កម្ពុជាបានបង្កើនវត្តមានរបស់ខ្លួនក្នុងវិស័យនយោបាយរហូតដល់សហគមន៍នេះបានជួយបោះឆ្នោត សមាជិកក្រុមប្រឹក្សាក្រុងដំបូងគេដែលជាជនជាតិអាមេរិកាំងមានដើមកំណើតមកពីកម្ពុជា កាលពីឆ្នាំមុនហើយឥឡូវនេះកំពុងធ្វើយុទ្ធនាការសម្រាប់ ការបែងចែកអាសនៈរបស់ក្រុមប្រឹក្សាក្រុងឡើងវិញ ដែលអាចពង្រឹងសម្លេងឆ្នោតជនជាតិអាមេរិកាំងមានដើមកំណើតមកពីកម្ពុជាបន្ថែមទៀត។

ខណៈពេលដែលលោក Lay មិនបានជះឥទ្ធិពលដល់ការផ្លាស់ប្តូរទាំងនេះតែម្នាក់ឯង មនុស្សជាទីស្រឡាញ់និងមិត្តរួមការងាររបស់គាត់ជឿជាក់ថាការចូលរួមចំណែករបស់គាត់គឺមិនអាចខ្វះបាន និងធំធែងក្រៃលែង។កិច្ចខិតខំប្រឹងប្រែងរបស់លោករួមមានការជួយបង្កើតសមាគមខ្មែរអាមេរិកាំងនិងព្រះវិហារព្រះពុទ្ធសាសនាខ្មែរដំបូងបង្អស់នៅក្នុងទីក្រុងនិងអនុវត្តកម្មវិធីសិក្សាពីរភាសា ខ្មែរ/អង់គ្លេស នៅការិយាល័យរអប់រំស្រុក Long Beach Unified School District ។

លោកស្រី Chang អាយុ 45 ឆ្នាំជាកូនច្បងគេក្នុងចំនោមកូនស្រីទាំង 3 នាក់គ្រោងគោរពវិញ្ញាណក័ន្ធឪពុករបស់គាត់ក្នុងកំឡុង ពិធី រំលឹកវិញ្ញាណក័ន្ធនៅ  ព្រឹកថ្ងៃសៅរ៍នៅអគារបុណ្យសព Stricklin/Snively Mortuary ។ក្នុងនាមជាទស្សនវិទូបែបជាពុទ្ធសាសនិកជន  លោក Lay បានចំណាយពេលភាគច្រើនរបស់គាត់ដើម្បីជួយអ្នកដទៃ។លោកស្រី Chang ចង់ចែករំលែកការចងចាំអំពីឪពុករបស់ខ្លួន ដោយការបង្ហាញរូបគាត់ថាជាមនុស្សដែលមិនគិតពីខ្លួនឯង សុភាពរាបសា និងប៉ិន​ ប្រសព្វ។

លោកស្រី Chang បាននិយាយថា “គាត់ជាមនុស្សចេះដឹងជ្រៅជ្រះមួយរូប” ។“គាត់បានជួយសហគមន៍គាត់ច្រើនណាស់ គាត់បានខិតខំខ្លាំងណាស់ដើម្បីគ្រួសាររបស់យើង។គាត់រស់នៅពោរពេញដោយសេចក្ដីសុចរិត។នេះជាជីវិតពោរពេញដោយការបម្រើសង្គម។  ៉

ការគេចខ្លួនចេញពីវាលពិឃាត

ដូចគ្នានឹងជនភៀសខ្លួនខ្មែរដទៃទៀតដែរ នៅទសវត្សឆ្នាំ 1970 ដំណើររបស់លោក Lay ទៅសហរដ្ឋអាមេរិកគឺជាលទ្ធផលនៃការខិតខំដើម្បីរស់រានមានជីវិត។

ដោយមានកំណើតនៅក្រុងឧដុង្គ ខេត្តកំពង់ស្ពឺប្រទេសកម្ពុជា លោក Lay និងបងប្អូនបួននាក់របស់គាត់បានធំឡើងក្នុងភាពក្រីក្រ។ឪពុកម្តាយរបស់គាត់បានស្លាប់នៅពេលគាត់នៅក្មេង។លោកស្រី Chang បាននិយាយថាដោយមានការជួបប្រទះឧបសគ្គជាច្រើននៅក្នុងជីវិតរបស់គាត់ គាត់ “មានការខ្វះខាត”  ហើយគាត់បានរកឃើញសេចក្ដីរីករាយក្នុងការដោះស្រាយបញ្ហា។លោកស្រីនិយាយថា ដើម្បីលុយ គាត់បានធ្វើការងារជាច្រើនដូចជាការឡើងដើមដូងនៅពេលទៅរៀន។

លោកស្រី Chang និយាយថា គាត់នឹងប្រើក្រដាសម្ដងហើយម្ដងទៀត ដោយត្រាំទឹកឱ្យទឹកខ្មៅរលុបចេញហើយហាលឱ្យស្ងួត សម្រាប់ការសិក្សារបស់គាត់ ។

យោងតាមក្រុមគ្រួសាររបស់គាត់ លោក Lay បានបួសនៅខេត្តកំពង់ស្ពឺ និងរក្សាសីលជាព្រះសង្ឃអស់​ រយៈពេល 12 ឆ្នាំ ខណៈពេលដែលកំពុងសិក្សានៅវិទ្យាល័យភាសាបាលីនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជដែលជាសាលាចំណាស់ជាងគេនិងមានកិត្យានុភាពបំផុតនៅក្នុងរាជធានីភ្នំពេញ។

ក្នុងកំឡុងពេលជាព្រះសង្ឃ លោក Lay បានសរសេរសៀវភៅចំនួន 3 ក្បាលដែលមានចំណងជើងថា “Ariya Dravya” (ដែលបកប្រែទៅជាទ្រព្យសម្បត្ដិដ៏ឧត្ដម) ដែលទទួលបានលិខិតសរសើរពីព្រះមហាក្សត្រសម្តេចព្រះនរោត្តមសីហនុ។

ដោយសារលទ្ធផលការសិក្សាដ៏ប្រសើរបស់គាត់ គាត់ទទួលបានបរិញ្ញាបត្រនិងបង្រៀនភាសាបាលី ដែលជាភាសារបស់ពុទ្ធសាសនានៅសាកលវិទ្យាល័យរបស់គាត់នៅឆ្នាំបន្ទាប់។ក្រោយមកលោក Lay បានទទួលអាហារូបករណ៍ចំនួនពីរពីរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌាដើម្បីបន្តការសិក្សារបស់គាត់ និងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ 1970 ពីសាកលវិទ្យាល័យ Poona ក្នុងប្រទេសឥណ្ឌា ហើយក៏ជាកន្លែងដែលគាត់បានជួបប្រពន្ធរបស់គាត់។

ចំណងជើងរូបភាព គ្រួសារ Lay ពីឆ្វេង Munika Lay, Sudhir Lay, Phansuna Lay, Kry Lay និង Suny Lay Chang អង្គុយថតរូបជាមួយគ្នានៅខែវិច្ឆិកាឆ្នាំ 2019 ។រូបថតដោយមានការអនុញ្ញាតពីលោកស្រី Suny Lay Chang ។

ប៉ុន្តែខណៈពេលដែលគាត់បានបន្តការអប់រំ ប្រទេសកម្ពុជាកំពុងធ្លាក់ចូលក្នុងមហន្ដរាយ។នៅឆ្នាំ 1973 ទាហានខ្មែរក្រហមបានលុកលុយស្រុកកំណើតរបស់គាត់នៅឧដុង្គហើយបានសម្លាប់បងប្រុស 3 នាក់របស់គាត់។លោកស្រី Chang បាននិយាយថាការសិក្សាថ្នាក់បណ្ឌិតរបស់គាត់នៅប្រទេសឥណ្ឌាត្រូវបានបញ្ឈប់ បន្ទាប់ពីរបបប្រល័យពូជសាសន៍បានបង្ខំឱ្យគាត់ស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 1975 ។

លោក Lay បានមកដល់ទីក្រុង Long Beach ហើយគាត់បានកត់សម្គាល់ឃើញថាគាត់និងជនភៀសខ្លួនរាប់ពាន់នាក់ផ្សេងទៀតត្រូវការជំនួយដើម្បីសម្របខ្លួនក្នុងការរស់នៅក្នុងសហគមន៍។បន្ទាប់ពីបានបាត់បង់សិល្បៈនិងវប្បធម៌នៅក្នុងប្រទេសកម្ពុជាក្រោមរបបប្រល័យពូជសាសន៍ គាត់ក៏ចង់បង្កើតសហគមន៍មួយនៅទីក្រុង Long Beach ដែលអនុញ្ញាតឱ្យពួកគេការពារនិងឱ្យតម្លៃអត្តសញ្ញាណរបស់ពួកគេ។

កេរ្តិ៍ដំណែលរបស់ទីក្រុង Long Beach

លោកស្រី Chang បាននិយាយថា “គាត់ដឹងច្បាស់ពីជំងឺផ្លូវចិត្ត PTSD របស់គាត់” ។

ការខិតខំប្រឹងប្រែងដំបូងរបស់គាត់គឺការបង្កើតហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Long Beach សម្រាប់ជនភៀសខ្លួនផ្សេងទៀត ដែលជាមជ្ឈមណ្ឌលសេវាកម្មសង្គមដែលអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនខ្មែរ។លោក Lay និងភរិយាក៏បានធានាប្រជាជនដើម្បីជួយពួកគេធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក។

គាត់និងស្ថាបនិកផ្សេងទៀតបានជួយបង្កើត សមាគមខ្មែរអាមេរិកាំង (Cambodian Association of America, CAA) នៅឆ្នាំ 1975 ជាសមាគមខ្មែរចំណាស់ជាងគេនិងធំជាងគេបំផុតនៅក្នុងប្រទេស។ សេវាកម្មរួមបញ្ចូលទាំងជំនួយដើម្បីក្លាយជាពលរដ្ឋ ការជួយរកការងារធ្វើ និងការប្រឹក្សាសុខភាពផ្លូវចិត្ត។

លោក Kimthai Kuoch នាយកប្រតិបត្តិបច្ចុប្បន្នរបស់ CAA បាននិយាយថាដោយមានជំនួយពីលោក Lay ដែលធ្លាប់បម្រើការជាប្រធានបានផ្លាស់ប្តូរថវិកាចំណាយប្រចាំឆ្នាំពី  $350,000 ទៅ$ 3 លានក្នុង​ រយៈពេលតែជាងមួយឆ្នាំដោយបង្កើតផែនការយុទ្ធសាស្ត្រនិងដាក់ពាក្យស្នើសុំជំនួយ។

ចំណងជើងរូបភាព៖ លោក Kry Lay អង្គុយជាមួយសិស្សនៅក្នុងថ្នាក់រៀននៅ Long Beach កាលពីថ្ងៃទី 27 ខែមីនាឆ្នាំ 2001 ។រូបថតដោយមានការអនុញ្ញាតពីលោកស្រី Suny Lay Chang ។

ថវិកានេះបានអនុញ្ញាតឱ្យសមាគមនេះពង្រីកសេវាកម្មដល់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំនិងដល់ក្រុមជនជាតិភាគតិចផ្សេងទៀតរួមទាំងសហគមន៍ជនជាតិមានដើមកំណើតពីអាស៊ីផ្សេងទៀត ជនជាតិមានដើមកំណើតពីឡាទីន ជនជាតិអាមេរិកកាំងមានដើមកំណើតពីអាហ្វ្រិក និងជនជាតិអាមេរិកកាំងស្បែកស។

លោក Kuoch បានដឹកនាំការធ្វើពិពិធកម្មនេះនិងរក្សាទុកក្នុងចិត្តនូវ “ការលើកទឹកចិត្តនិងដំបូន្មាន” ដែលលោក Lay តែងតែផ្តល់ឱ្យគាត់។គាត់បាននិយាយថាលោក Lay នឹងប្រើគោលការណ៍ព្រះពុទ្ធសាសនានិងរឿងរ៉ាវដើម្បីប្រាប់គាត់ឱ្យ “បន្តព្យាយាមទៅមុខទៀតនៅពេលដែលខ្ញុំឆ្លងកាត់ឧបសគ្គនានា” ។

លោក Kimthai Kuoch បានថ្លែងថា “យើងមានការបាត់បង់ដ៏ធំធេងមួយក្នុងចំណោអ្នកដឹកនាំខ្មែររបស់យើង” ។

លោក Lay ចេះភាសាចំនួន 6 ហើយសហការីរបស់គាត់បានបង្កើតកម្មវិធីពីរភាសា អង់គ្លេសនិងខ្មែរនៅ LBUSD ដែលហៅថាគម្រោងអ្នកសិក្សាអាស៊ីអាគ្នេយ៍ ដោយបានបកប្រែសៀវភៅសិក្សាជាច្រើន។លោក Lay បានបង្រៀននិងប្រឹក្សាដល់កុមារខ្មែរនៅក្នុងការិយាល័យអប់រំស្រុកអស់រយៈពេលជាងពីរទសវត្ស។

ចំណងជើងរូបថត៖ លោក Kry Lay ថតរូបនៅពេលគាត់ជួយសិស្សនៅថ្នាក់រៀននៅ Long Beach កាលពីថ្ងៃទី 27 ខែមីនាឆ្នាំ 2001 ។រូបថតដោយមានការអនុញ្ញាតពីលោកស្រី Suny Lay Chang ។

លោក Kuoch បាននិយាយថា “គាត់ជាមនុស្សដ៏អស្ចារ្យ” ។“គាត់យកចិត្តទុកដាក់អំពីសហគមន៍។គាត់យកចិត្តទុកដាក់ដល់កុមារ។”

ពិធីរំលឹកវិញ្ញាណក័ន្ធតាមព្រះពុទ្ធសាសនារបស់លោក Lay ត្រូវបានធ្វើឡើងនៅ Khemara Buddhikarama ដែលត្រូវបានគេស្គាល់ជាទូទៅថា “Watt Willow” ។អនុស្សាវរីយ៍ចុងក្រោយមួយរបស់លោក Kuoch គឺបានឃើញលោក Lay បន់ស្រន់នៅព្រះវិហារនារដូវផ្ការីកឆ្នាំមុននេះ។

លោក Judy Seal អតីតនាយកប្រតិបត្តិនៃមូលនិធិអប់រំនៅ Long Beach នៅ LBUSD ដែលបានធ្វើការនៅទីនោះជាមួយលោក Lay បាននិយាយថា ការហៅលោក Lay ថាជាស្ថាបនិកសហគមន៍ខ្មែរនៅ Long Beach គឺជា “ការបន្ទាបខ្លួនពេកហើយ” ។

ក្រុមគ្រួសារនិងមិត្តរួមការងារនិយាយថាគាត់បានជួយមនុស្សជាច្រើន ហើយប្រហែលជាផ្លាស់ប្តូរវាសនាមនុស្សជាច្រើនផងដែរ។

លោក Seal បានថ្លែងថា៖ “Long Beach ល្អប្រសើរជាងមុនដោយសារជីវិតរបស់គាត់” ។

លោក Lay បន្សល់ទុកភរិយា កូនស្រីបីនាក់ បងប្អូនស្រីរបស់គាត់ ចៅបួននាក់ និងក្មួយជាច្រើននាក់។

ពិធីរំលឹកវិញ្ញាណក័ន្ធជូនចំពោះលោក Kry Layនឹងប្រព្រឹត្តទៅនៅឯអគារបុណ្យសព Stricklin/Snively Mortuary នៅថ្ងៃសៅរ៍ទី 10 ខែកក្កដាវេលាម៉ោង 10 ព្រឹក